អំពី អ.ដ.ក
អ.ដ.ក. នឹងសហការជាមួយ ក្រសួង-ស្ថាប័នអង្គភាពពាក់ព័ន្ធ ដើម្បីដោះស្រាយវិវាទជូនពលរដ្ឋ
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) អ.ដ.ក. នឹងធ្វេីកិច្ចសហការក្នុងភាពជាដៃគូដើម្បីដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ជាមួយ ក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធរួមមាន ក្រសួងអធិការកិច្ច គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិលជាដើម។
លទ្ធផលនេះ ចេញពី កិច្ចប្រជុំលើកទី១ របស់ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នេះ ក្រោមការដឹកនាំ របស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)។
នៅក្នុងកិច្ចប្រជុំលើកទី១នេះ អ.ដ.ក. មានរបៀបវារៈចំនួន ៣ ដែលត្រូវពិនិត្យ ពិភាក្សា និងអនុម័ត ក្នុងនោះរួមមាន៖ ទី១. ផែនការការងារ និងផែនការហិរញ្ញវត្ថុសម្រាប់កិច្ចដំណើរការរបស់ អ.ដ.ក.
ទី២. កិច្ចដំណើរការនៃការសម្រុះសម្រួលដោះស្រាយវិវាទ ទី៣. ការងារផ្សេងៗ។
ក្នុងកិច្ចប្រជុំលើកទី១ នេះ អ.ដ.ក. បានសម្រេចអនុម័តជាគោលការណ៍លើ៖ ទី១. ផែនការការងារ និងផែនការហិរញ្ញវត្ថុសម្រាប់កិច្ចដំណើរការរបស់ អ.ដ.ក. និង ទី២. សេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទ នីតិវិធី និងគុណវុឌ្ឍិសម្រាប់ការផ្តល់នីតិសម្បទាជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.។
គួរបញ្ជាក់ថា កិច្ចប្រជុំលើកទី១ របស់ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នេះ មានការចូលរួមពីសំណាក់ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាននៃ អ.ដ.ក. លោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន នៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕
Post a Comment